ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដាក់បទបញ្ជាក្តៅក្នុងការពង្រឹងសន្តិសុខ និង បង្ក្រាបបទល្មើស
បច្ចេកវិទ្យា (Online Scam) ខេត្តស្ទឹងត្រែង៖ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ នេះ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពិនិត្យ ពិភាក្សា និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់លើការងារសន្តិសុខសណ្តាប់ធ្នាប់នៅទូទាំងខេត្ត ពិសេសការកម្ចាត់បទល្មើសបច្ចេកវិទ្យា។ កិច្ចប្រជុំដែលប្រព្រឹត្តទៅនៅសាលាខេត្តស្ទឹងត្រែងនេះ មានការអញ្ជើញចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចាប់ពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ខេត្ត។ ក្នុងឱកាសនោះ ឯកឧត្តម សរ សុពុត្រា បានមានប្រសាសន៍សង្កត់ធ្ងន់ថា ស្មារតីនៃកិច្ចប្រជុំនាព្រឹកនេះ គឺឆ្ពោះទៅរកការរឹតបន្តឹងនៃការអនុវត្តរបបសន្តិសុខសង្គម របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្តស្ទឹងត្រែងទាំងមូល ស្របតាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាល។ ក្នុងនោះ ឯកឧត្តមបានដាក់បទបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ការពិនិត្យការតាំងទីលំនៅរបស់ជនបរទេស និងការទប់ស្កាត់ បង្ក្រាបសកម្មភាពជួញដូរមនុស្សនិង Online Scam ឱ្យមានប្រសិទ្ធភាពខ្ពស់។ Read more










