រដ្ឋបាលខេត្តកោះកុង និងមន្ត្រីរាជការជុំវិញខេត្តនាំយកទៀនវស្សានិងទេយ្យទាន ប្រគេនព្រះសង្ឃនៅវត្តទេពនិមិត្ត ហៅវត្តថ្មី

(ដោយ សំរិទ្ធិ ភារុន )

កោះកុង ៖ រដ្ឋបាលខេត្តកោះកុង និងមន្ត្រីរាជការជុំវិញខេត្ត បាននាំយកទៀនព្រះវស្សានិងទេយ្យទាន ទៅប្រគេនដល់ព្រះសង្ឃនៅវត្តទេពនិមិត្តហៅវត្តថ្មី ដែលស្ថិតនៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ដោយប្រារព្ធទៅតាមទំនៀមទម្លាប់ និងជាការគោរព លើកតម្កើងវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។បុណ្យចូលព្រះវស្សាគឺជាពិធីបុណ្យដ៏ធំមួយ ក្នុងព្រះពុទ្ធសាសនា ហើយក៏ជាពេលវេលាដ៏សំខាន់ សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនក្នុងពុទ្ធសានា។ ប្រជាពលរដ្ឋខ្មែរ ដែលជាអ្នកជឿជាក់ព្រះពុទ្ធសាសនា ជាទម្លាប់នាំគ្នាប្រារព្ធពិធីបុណ្យនេះឡើង ដោយនាំយកទេយ្យទាន និងរបស់ប្រើប្រាស់ផ្សេងៗប្រគេនព្រះសង្ឃ ដែលគង់នៅទីវត្តអារាម។ បុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ១រោចខែអាសាធដល់ថ្ងៃ ១៥ កើត ខែអស្សុជ។ ក្នុងរយៈពេល៣ ខែ ក្នុងរដូវធ្លាក់ភ្លៀងនឹងមិនអនុញ្ញាតអោយព្រះសង្ឃនិមន្តទៅទីឆ្ងាយ ដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លុះត្រាតែមានភារកិច្ចសំខាន់ចាំបាច់ ដូចជាឪពុកម្តាយមានជំងឺឬនិមន្តទៅសម្តែងធម៌ជាដើម។ ការបញ្ញត្តិឲ្យមានការកាន់ព្រះវស្សានេះ គឺព្រះពុទ្ធជាម្ចាស់ មានព្រះបំណងចង់ឲ្យព្រះសង្ឃ មានភាពងាយស្រួលក្នុងរដូវវស្សារយៈពេល៣ខែនេះ ដែលជារដូវពោរពេញទៅដោយភ្លៀងធ្លាក់ ជោគជាំ និងសម្បូរភក់ជ្រាំច្រើនផង។ជាប្រពៃណីអំឡុងរយៈ ៣ខែនេះ ពុទ្ធសាសនិកបន្តធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាជាធម្មតា ក្រៅពីនោះ ពុទ្ធសានិក ជាវទានវស្សាទៅប្រគេនព្រះសង្ឈ តាមសទ្ធារៀងៗខ្លួន ដោយមានជំនឿថា ពន្លឺទៀនគឺជួយបំភ្លឺអនាគតជាតិអោយភ្លឺស្រស់បំព្រង និងមានសេចក្តីសុខចម្រើន ដោយអំណាចនៃអំពើល្អ ហើយគេត្រូវរក្សាភ្លើងទៀនឱ្យឆេះជាប់រហូតគ្រប់រយៈពេលបីខែ។ ម៉្យាងវិញទៀតជាការជួយដល់វត្តអារាមក្នុងការមានទៀនប្រើប្រាស់ ដើម្បីដុតបំភ្លឺនៅពេលរាត្រីផង៕