ស៊ីម៉ាំងម៉ូតូកែច្នៃខុសបច្ចេកទេស ចំនួន ៥៧៦ដើម ស្នងការដ្ឋាននគរបាលខេត្ត បានរៀបចំពិធីកម្ទេចចោល

កោះកុង÷ ថ្ងៃនេះ ស្នងការដ្ឋាននគរបាលខេត្ត បានរៀបចំពិធីកម្ទេចបំពង់ស៊ីម៉ាំងម៉ូតូកែច្នៃខុសបច្ចេកទេស ចំនួន ៥៧៦ដើម និងភ្លើងហ្វា ចំនួន ០២គ្រាប់ ដែលកម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក និងអធិការដ្ឋាន នគរបាលក្រុង-ស្រុក ធ្វើការបង្ក្រាបរយៈពេលកន្លងមក រហូតដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ ។

នេះ ក្នុងនោះរួមមាន÷ ១/ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចំនួន ៣២ដើម២/ អធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ចំនួន ៣០៦ដើម៣/ អធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា ចំនួន ១៥៥ដើម និងភ្លើងហ្វា ចំនួន ០២គ្រាប់។៤/ អធិការដ្ឋាននគរបាលស្រុកកោះកុង ចំនួន ១១ដើម៥/ អធិការដ្ឋាននគរបាលស្រុកបូទុមសាគរ ចំនួន ០៨ដើម៦/ អធិការដ្ឋាននគរបាលស្រុកគីរីសាគរ ចំនួន ១៥ដើម៧/ អធិការដ្ឋាននគរបាលស្រុកថ្មបាំង ចំនួន ១៦ដើម៨/ អធិការដ្ឋាននគរបាលស្រុកស្រែអំបិល ចំនួន ៣៣ដើម។

លោក ស្នងការបន្តថា÷ ក្រៅពីនោះអធិការក្រុងស្រុកក៏បានចុះទៅដល់ខ្នងផ្ទះ ដើម្បីពន្យល់ណែនាំបន្ថែមអំពីការបំពាក់បំពង់ស៊ីម៉ាំងខុសបច្ចេកទេស ដែលអាចបង្កការរំខានដល់ពលរដ្ឋនិងអ្នកដទៃ ក៏ដូចជាការកែច្នៃភ្លើងហ្វាខុសបច្ចេកទេស ជាដើម។ ហើយសមត្ថកិច្ចរបស់យើងនៅតែបន្តសកម្មភាពចុះបង្ក្រាប អប់រំណែនាំនិងធ្វើកិច្ចសន្យា ដូចជាភ្លៀងរលឹម ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក ហាក់ ឡេង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានកោសសរសើរចំពោះសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ នៅតាមក្រុងស្រុក ដែលបានបំពេញតួនាទីយ៉ាងសកម្ម ក្នុងការទប់ស្កាត់នូវការកែច្នៃបំពង់ស៊ីម៉ាំងខុសបច្ចេកទេស និងទប់ស្កាត់ការពារក្រុមក្មេងទំនើងនិងបទល្មើសនានា ក្នុងខេត្តរបស់យើងបានជាបន្តបន្ទាប់។ លោក អភិបាលរងខេត្ត សូមលើកទឹកចិត្តឱ្យកងកម្លាំងទាំងអស់បន្តចុះអនុវត្តឲ្យបានជាប្រចាំ ព្រោះថាខេត្តរបស់យើងធ្លាប់ទទួលបានជ័យលាភីជាខេត្តគំរូ ដែលមិនមានគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលកន្លងទៅនេះ។

ជាពិសេសនៅក្នុងថ្ងៃបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ មានភ្ញៀវទេសចរណ៍ជាតិអន្តរជាតិមកទស្សនា លេងកំសាន្តក្នុងខេត្តរបស់យើងច្រើន ហេតុនេះយើងជាកងកម្លាំងមានសមត្ថកិច្ច ចូលរួមការពារសុខសុវត្ថិភាព រៀបចំសណ្ដាប់ធ្នាប់នូវការធ្វើដំណើរចរាចរណ៍តាមដងផ្លូវ ព្រោះថាខេត្តរបស់យើងឥឡូវមានផ្លូវស្អាត ស្រួលធ្វើដំណើរ អ្នកទេសចរណ៍អាចនឹងមកលេងកម្សាន្តច្រើន។គួរបញ្ជាក់ថា÷ ការលេងជះទឹកប៉ាតម្សៅ នៅតាមដងផ្លូវនឹងត្រូវបានហាមឃាត់ ដោយហេតុថា អាចបង្កគ្រោះថ្នាក់ឬការរំខានដល់ភ្ញៀវទេសចរណ៍៕