មន្ទីរសុខាភិបាល ខេត្តកោះកុង បើកសន្និបាតបូកសរុបសមិទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ បន្តឆ្នាំ២០២៥

ខេត្ត កោះកុង ;  ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ លោកជំទាវ មិថុនា ភូថង  អភិបាលនៃគណ: អភិបាល ខេត្តកោះកុង បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី សន្និបាតបូកសរុបសមិទ្ធផលការងារសុខាភិបាលឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ របស់មន្ទីរសុខាភិបាលខេត្តកោះកុង។

មានប្រសាសន៍ក្នុងពិធី លោកវេជ្ជ:បណ្ឌិត ទៅ មុឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានជម្រាបជូននូវរបាយការណ៍ និងលទ្ធផលការងារ សម្រាប់ឆ្នាំកន្លងទៅ មន្ទីរសុខាភិបាលទទួលបានលទ្ធផលការងារគួរជាទីមោទនៈ ផ្ដោតសំខាន់លើការផ្តល់សេវាសុខាភិបាលឆ្នាំ២០២៤ កន្លងមកនេះ មន្ទីពេទ្យបង្អែកខេត្តកោះកុង ទទួលបានពានរង្វាន់ជ័យលាភីលេខ១បន្ថែមទៀត ជាអង្គភាពផ្តល់សេវាសុខាភិបាលល្អ។

លោកវេជ្ជ:បណ្ឌិត ទៅ មុឹង បន្តហើយដឹងទៀតថា÷ ក្នងនាមមន្ទីរសុខាភិបាល មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព សូមប្តេជ្ញាខិតខំធានាដោះស្រាយរាល់កង្វល់របស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងបញ្ហាសុខភាពអោយបានល្អប្រសើបន្ថែមទៀត ហើយសំរាប់ប្រជាពលរដ្ឋគ្រប់រូបទាំងអស់ ដែរបានមកទទួលសេវាសុខភាពតាមស្ថាប័នរបស់រដ្ឋ គឺ មាន របាំងហិរញ្ញវត្ថុឡើយ។

ក្នុងឱកាសនោះ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានកោតសសើរ និងវាយតំលៃខ្ពស់ចំពោះថ្នាក់ដឹកនាំនៃមន្ទីរសុខាភិបាលខេត្តកោះកុង ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកមណ្ឌលសុខភាពនៃបណ្តាក្រុងស្រុក និងលោកគ្រូអ្នកគ្រូពេទ្យគ្រប់ជាន់ថ្នាក់ ដែរបានខិតខំបំពេញតួនាទីភារកិច្ចការងាររបស់ខ្លួនបានយ៉ាងសកម្ម និងបានយ៉ាងល្អប្រសើរ ប្រកបដោយក្រមសីលធ៌មវិជ្ជាជីវ: ស្របតាមអនុក្រិតលិខិតបទដ្ឋាននានាស្របតាមប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខា ភិបាល ។

ជាក់ស្តែងក្នុងឆ្នាំ២០២៥នេះ មន្ទីរពេទ្យបង្អែកខេត្តកោះកុងគឺទទួលបានពានរង្វាន់ជ័យលាភីលេខ១ ម្តងទៀតលើអង្គភាពគំរូ ការផ្តល់សេវាសុខាភិបាលល្អ ជាលើកទី២ ដែរកាលពីឆ្នាំ២០១៩ មន្ទីរពេទ្យបង្អែកខេត្តកោះកុងធ្លាប់បានពានរង្វាន់ជ័យលាភីលេខ១ម្តងរួចហើយ នេះជាមោទនភាពសម្រាប់មន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរសុខាភិបាលខេត្ត ព្រមទាំងខេត្តកោះកុងយើងទាំងមូលផងដែរ។

លោកជំទាវ អភិបាលខេត្ត បានគូបញ្ជាក់ថា÷ សុខភាពគឺជាកត្តាសំខាន់បំផុត សម្រាប់យើងគ្រប់គ្នា ហើយមន្ទីរពេទ្យប្រៀបបាននឹងរូបរាងកាយរបស់មនុស្ស រីឯ លោកគ្រូអ្នកគ្រូពេទ្យគ្រប់ជាន់ថ្នាក់និងបុគ្គលិកទាំងអស់នៃវិស័យសុខាភិបាលគឺប្រៀបបានជាឆ្អឹងខ្នងដែរទ្រទ្រង់រាងកាយមនុស្ស ដូចនេះលោកជំទាវសូមផ្តល់អនុសាសន៍មួយចំនួនសម្រាប់យកទៅអនុវត្តដូចខាងក្រោម÷

១ – ត្រូវពង្រឹងនឹងពង្រីក ការផ្តល់សេវាថែទាំសុខភាពជាបឋមអោយកាន់តែទូលំទូលាយដល់សហគមន៍។

២ – លើកកម្ពស់ការងារសុខមាលភាពទារក និងកុមារ អាហារូបត្ថម ជាពិសេសការផ្តល់ថ្នាំបង្ការ។

៣ – ទប់ស្កាត់ជំងឺឆ្លង ពិសេសជំងឺឆ្លងដែរបង្ករហានិភ័យខ្លាំងដល់សុខភាពសាធារណ:។

៤ – បង្ការ និងស្រាវជ្រាវ នូវជំងឺមិនឆ្លង និងសហគមន៍ ពិសេសជំងឺលើសសម្ពាធឈាម សសៃឈាម បេះដូង ជំងឺទឹកនោមផ្អែម មហារីកនានា ការកាត់បន្ថយជាតិស្ករជាតិប្រៃ និងខ្លាញ់ ហើយហាត់ប្រាណជាប្រចាំ ។

៥ – បង្កើនការចូលរួមសហការណ៍ជាមួយមន្ទីរសុខាភិបាល ពីសំណាក់មន្ទីរអង្គភាព អាជ្ញាធរ អង្គការដៃគូ ដែរពាក់ព័ន្ធ ជាពិសេសឃុំសង្កាត់ និងសហគមន៍។

៦ – ចូលរួមគ្រប់គ្រងតាមដាន សេវាសុខាភិបាលឯកជន តាមដែនសមត្ថកិច្ចរបស់ក្រុងស្រុក ច្រកចេញចូលតែមួយ អ្នកប្រតិបត្តិការងារនេះ។

៧ – អប់រំផ្សព្វផ្សាយ ពន្លឿនការធ្វើប័ណ្ណ បសស ប័ណ្ណមូលនិធិសមធ៌ម ដោយយកចិត្តទុកដាក់ ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដើម្បីឈានទៅសម្រេចបានគ្របដណ្តប់សុខភាពជាសកលនៅឆ្នាំ២០៣៥។

៨ – រដ្ឋបាលឃុំសង្កាត់ត្រូវយកចិត្តទុកដាក់ គ្រប់គ្រងមណ្ឌលសុខភាព ដោយមានការប្រជុំគណកម្មាធិការគ្របើគ្រងមណ្ឌលសុខភាពអោយបាលទៀងទាត់ រាល់២ខែម្តងយ៉ាងតិច។

៩ – រដ្ឋបាលឃុំសង្កាត់ត្រូវយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ដោយមិនទុកអោយប្រជាជនណាមានបញ្ហាសុខភាព ដែរមិនបានទទួលការព្យាបាលត្រឹមត្រូវ ដោយគ្មានរបាំងហិរញ្ញវត្ថុឡើយ។

ជាចុងក្រោយ លោកជំទាវ ជម្រុញដល់អាជ្ញាធរក្រុងស្រុក សូមពិនិត្យលើបញ្ហាកង្វះទឹកប្រើប្រាស់ ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ព្រោះថាបើខ្វះទឹកគឺស្មើនឹងខ្វះអនាម័យផងដែរ លោកជំទាវ សង្ឃឹមថា យើងទាំងអស់គ្នានឹងរួមគ្នាប្រើទាំងគំនិតប្រាជ្ញា ចំនេះដឹង និងខិតខំយកអស់កំលាំងកាយចិត្ត ក្នុងការអនុវត្តការងារភារ:កិច្ច និងរួមគ្នាជួយដោះស្រាយនូវបញ្ហាជួបប្រទះជាក់ស្តែងអោយបានល្អប្រសើ និងមានប្រសិទ្ធភាពខ្ពស់៕

(ដោយ៖ លោក សំរិទ្ធ ភារុន )។