អភិបាលខេត្តបន្ទាយមានជ័យ  ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ  លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន  ៣ភូមិ  នៅ ស្រុកអូរជ្រៅ

ខេត្តបន្ទាយមានជ័យ ៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ និងរដ្ឋបាលបាលស្រុកអូរជ្រៅ បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ក្នុងភូមិបន្លិច ភូមិអ្នកតាឈរ ភូមិអញ្ចាញ ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្មើនឹង ២ ៥៨១ បណ្ណ ស្ថិតនៅវត្តសំរោង ភូមិសំរោង ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២៦។

លោក មាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ មានរយៈពេល ០៩ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។ ផុតរយៈពេលកំណត់មន្រ្តីជំនាញមន្ទីរ នឹងបន្តចែកបណ្ណជូនប្រជាពលរដ្ឋ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ រៀងរាល់ម៉ោងធ្វើការ ដោយមិនកំណត់រយៈពេល។

នាឱកាសនោះឯកឧត្ដម អ៊ុំ រាត្រី ក៏បានបញ្ជាក់អំពីផលប្រយោជន៍នៃបណ្ណកម្មសិទ្ធិសម្គាល់អចលនវត្ថុរបស់ប្រជាពលរដ្ឋ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដូចជា ការធានាភាពស្របច្បាប់ កាត់បន្ថយជម្លោះពីទំនាស់ដីធ្លី ការផ្ទេរសិទ្ធិ (ជាអំណោយក្ដី ជាការលក់ក្តី) រួមទាំងការដាក់បញ្ចាំនៅធនាគារ ដើម្បីខ្ចីប្រាក់ពង្រីកមុខរបរជាដើម។

ក្នុងនាមអាជ្ញាធរខេត្តបន្ទាយមានជ័យ ឯកឧត្ដម ក៏បានសំណូមពរឱ្យអាជ្ញាធរក្រុង-សង្កាត់-ភូមិ ជួយផ្សព្វផ្សាយបំផុសធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ និងស្ថាប័ន ពាក់ព័ន្ធ ចូលរួមសហការក្នុងសកម្មភាពការងារចុះបញ្ជីដីធ្លីនេះឱ្យបានច្រើនជាទីបំផុត និងសូមឲ្យប្រជាពលរដ្ឋ ក្រោយពីទទួលបានប័ណ្ណកម្មសិទ្ធិនេះហើយ សូមថែរក្សាទុកដាក់ឱ្យបានល្អ និងត្រឹមត្រូវ៕