ឯកឧត្តម កែវ ផុង ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមសេនាតេជោសន្តិភាព និងឯកឧត្តម ព្រហ្ម ប៊ុនឡុង ជំនួយការសម្តេចតេជោ ហ៊ុន សែន និង ជាអនុប្រធានក្រុមសេនាតេជោសន្តិភាព នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បាននាំយកទឹកបរិសុទ្ធកម្ពុជា ចំនួន ១ ០០០កេស ជូនដល់វីរកងទ័ព និងវីរនគបាលជាតិ កំពុងឈរជើងនៅជួរមុខប្រចាំនៅទិសខេត្តបន្ទាយមានជ័យ។ ក្នុងឱកាសនោះឯកឧត្តម កែវ ផុង និងឯកឧត្តម ព្រហ្ម ប៊ុនឡុង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលលោកតែងតែគិតគូរជានិច្ចពីសុខទុក្ខរបស់វីរកងទ័ព និងវីរនគរបាលទាំងអស់ កំពុងឈរជើងជួរមុខ។ ក្រុមប្រតិភូ បានសម្តែងការគោរពដឹងគុណការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះវីរកងទ័ពនូវវីរភាព និងការលះបង់គ្រប់បែបយ៉ាង ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីនៃកម្ពុជា ពីការរំលោភឈ្លានពានរបស់កងទ័ពថៃ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ថ្នាក់ដឹកនាំប្រតិភូ ក៏បានគោរពជូនពរឱ្យវីរកងទ័ព និងវីរនគរបាលទាំងអស់ មានសុខភាពល្អ កម្លាំងមាំមួន ដើម្បីបន្តបេសកកម្មការពារប្រទេសជាតិរបស់យើង។ តបនិងប្រតិភូចុះសួរសុខទុកដល់ជួរមុខ កងកំលាំងជួរមុខយើង បានថ្លែងគោរពអរគុណដល់ថ្នាក់ដឹកនាំតែងតែគិតគូរដល់ជួរមុខគ្រប់វេលា និង ថ្លែងគោរពអរគុណដល់ក្រុមប្រតិភូថ្ងៃនេះ ក៍ដូចជាថ្លែងអរគុណដល់សប្បុរសជននានាកន្លងមក តែងតែគាំទ្រសមរភូមិមុខក្នងស្មារតីខ្មែរជួយខ្មែរ ខ្មែរតែមួយ ហើយប្តេជ្ញាដាច់ខាតការពារបូរណភាពទឹកដី ពិសេសគោរពតាមបទបញ្ជាររបស់ថ្នាក់ដឹកនាំគ្រប់វេលា ៕






