ឯកឧត្តម សរ សុពុត្រា អភិបាល  នៃគណៈអភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដាក់បទបញ្ជាក្តៅក្នុងការពង្រឹងសន្តិសុខ  និង បង្ក្រាបបទល្មើស

បច្ចេកវិទ្យា (Online Scam)

ខេត្តស្ទឹងត្រែង៖ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ នេះ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពិនិត្យ ពិភាក្សា និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់លើការងារសន្តិសុខសណ្តាប់ធ្នាប់នៅទូទាំងខេត្ត ពិសេសការកម្ចាត់បទល្មើសបច្ចេកវិទ្យា។  កិច្ចប្រជុំដែលប្រព្រឹត្តទៅនៅសាលាខេត្តស្ទឹងត្រែងនេះ មានការអញ្ជើញចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចាប់ពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ខេត្ត។

ក្នុងឱកាសនោះ ឯកឧត្តម សរ សុពុត្រា បានមានប្រសាសន៍សង្កត់ធ្ងន់ថា ស្មារតីនៃកិច្ចប្រជុំនាព្រឹកនេះ គឺឆ្ពោះទៅរកការរឹតបន្តឹងនៃការអនុវត្តរបបសន្តិសុខសង្គម របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្តស្ទឹងត្រែងទាំងមូល ស្របតាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាល។ ក្នុងនោះ ឯកឧត្តមបានដាក់បទបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ការពិនិត្យការតាំងទីលំនៅរបស់ជនបរទេស និងការទប់ស្កាត់ បង្ក្រាបសកម្មភាពជួញដូរមនុស្សនិង Online Scam ឱ្យមានប្រសិទ្ធភាពខ្ពស់។

ជាកិច្ចការងារអាទិភាពបំផុត ឯកឧត្តមអភិបាលខេត្ត បានជំរុញឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និងកងកម្លាំងទាំងអស់ ត្រូវអះអាង និងធានាឱ្យបានថា នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង មិនត្រូវឱ្យមានជាដាច់ខាតនូវសកម្មភាពបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Online Scam និងបទល្មើសផ្សេងៗទៀតដែលពាក់ព័ន្ធ។ ឯកឧត្តមបានបញ្ជាក់ថា រាល់ទីតាំងសង្ស័យទាំងអស់ត្រូវតែត្រួតពិនិត្យឱ្យបានហ្មត់ចត់ ដើម្បីធានាថាគ្មានការបង្កប់នូវសកម្មភាពខុសច្បាប់ទាំងនេះឡើយ។

ជាការឆ្លើយតបទៅនឹងបទបញ្ជាដ៏ស្រួចស្រាវនេះ កងកម្លាំងប្រដាប់អាវុធ រួមជាមួយអភិបាលក្រុង និងអភិបាលស្រុកទាំង៦ នៃខេត្តស្ទឹងត្រែង បានបង្ហាញនូវការប្តេជ្ញាចិត្តរួមគ្នាយ៉ាងមុតមាំ ក្នុងការទប់ស្កាត់ និងមិនអនុញ្ញាតឱ្យមានបទល្មើស Online Scam ល្បែងហ្គេមអនឡាញ ឬល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងដែនសមត្ថកិច្ចដែលខ្លួនគ្រប់គ្រងឡើយ។

ការប្តេជ្ញានេះ គឺធ្វើឡើង ក្នុងគោល បំណងរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និង សុវត្ថិភាពសាធារណៈជូន ប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ ស្របតាមគោល នយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់ រាជរដ្ឋាភិបាល ៕