រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានស្នើឱ្យប្រជាពលរដ្ឋចូលរួមប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យបានច្រើន ដើម្បីលើកស្ទួយផលិតផលជាតិ និងជំរុញការនាំចេញទៅកាន់ទីផ្សារទាំងក្នុងតំបន់ និងសកលលោក ។
ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ផ្នែកពាណិជ្ជកម្មកម្ពុជានៅពេលបច្ចុប្បន្ននេះ នៅបន្តបោះជំហានទៅមុខជានិច្ចបើទោះបីជាមានផលប៉ះពាល់អវិជ្ជមានខ្លះពីជម្លោះព្រំដែនបង្កឡើងពីការឈ្លានពានរបស់យោធាថៃ មកលើដែនអធិបតេយ្យភាពកម្ពុជាក៏ដោយ ក៏ប៉ុន្តែទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាប្រទេសផ្សេងទៀត នៅតែបន្តដំណើរការល្អ ដដែល។

ឯកឧត្តម ប៉ែន សុវិជាតិ បន្តថា ចំពោះជោគជ័យក្នុងផ្នែកពាណិជ្ជកម្មរបស់កម្ពុជាក្នុងអំឡុងពេលមានជម្លោះព្រំដែននេះ ដោយសាររាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងក្នុងការបន្តស្វែងរកដៃគូពាណិជ្ជបន្ថែមទៀត តាមរយៈការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសនានា ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលក៏ដូចជាក្រសួង បានខិតខំក្នុងការជំរុញ និងលើកទឹកចិត្តឱ្យមានការកែច្នៃកសិផលបន្ថែមទៀត ដើម្បីបំពេញតម្រូវការទីផ្សារអន្តរជាតិ និងផលិតជំនួសទំនិញនាំចូល៕




