រដ្ឋបាលខេត្តកម្ពុជា ចំនួនបី ចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការជាមួយ ខេត្តតៃនិញ

នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងគណៈកម្មាធិការប្រជាជនខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាមួយរដ្ឋបាលខេត្តកម្ពុជាចំនួនបី រួមមានខេត្តត្បូងឃ្មុំ ស្វាយរៀង និងព្រៃវែង។

ពិធីនេះប្រារព្ធឡើងនៅមជ្ឈមណ្ឌលកម្សាន្ត Ca Na ខេត្តតៃនិញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សមមិត្ត ឡេ វ៉ាន់ ហាន់ អនុលេខាគណៈកម្មាធិការបក្ស និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តតៃនិញ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តព្រៃវែង ព្រមទាំងថ្នាក់ដឹកនាំ និងគណៈប្រតិភូនៃខេត្តទាំងបួនយ៉ាងច្រើនកុះករ។

ក្នុងមតិស្វាគមន៍ សមមិត្ត ឡេ វ៉ាន់ ហាន់ បានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងខេត្តតៃនិញ ជាមួយខេត្តជាប់ព្រំដែនទាំងបីរបស់កម្ពុជា គឺជាការឆ្លុះបញ្ចាំងពីចំណងមិត្តភាពប្រពៃណី ការជឿទុកចិត្ត និងសាមគ្គីភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ។ សមមិត្តបានជឿជាក់ថា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានាពេលនេះ នឹងក្លាយជាកម្លាំងចលករថ្មី ក្នុងការបង្កើនប្រសិទ្ធភាពការងារជាក់ស្តែង ដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍយូរអង្វែង។

ក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាយ៉ាងស្អិតរមួតក្នុងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់តាមព្រំដែន។ ឯកឧត្តមបានបញ្ជាក់ថា ការចុះហត្ថលេខានាពេលនេះ មិនត្រឹមតែពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងសង្គមកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកក្នុងការប្រែក្លាយតំបន់ព្រំដែន ឱ្យទៅជាតំបន់អភិវឌ្ឍន៍ ប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងចីរភាព ស្របតាមស្មារតីនៃរដ្ឋាភិបាលនៃប្រទេសទាំងពីរ៕