នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នៅសាលាជាតិគយ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បាន រៀបចំសិក្ខាសាលាផ្សព្វផ្សាយផែនការសកម្មភាព GDAP4 ឆ្នាំ២០២៦ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM) ក្រោមអធិបតីភាពលោកអគ្គនាយករង សែ សុឃន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជូនមន្ត្រីគយនិងរដ្ឋាករមកពីទូទាំងប្រទេសចំនួន ១១០នាក់។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយជូនដល់មន្ត្រីគយនិងរដ្ឋាករ អំពីផែនការសកម្មភាព GDAP4 ឆ្នាំ២០២៦ ក្រោមកម្មវិធី PFM ដែលបានបញ្ចូលផែនការសកម្មភាពក្រោមយុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដើម្បីងាយស្រួលអនុវត្តនិងតាមដាន។មានមតិក្នុងអង្គសិក្ខាសាលា លោកអគ្គនាយករង សែ សុឃន បានគូសបញ្ជាក់ថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(PFM) ត្រូវបានដាក់ឱ្យអនុវត្តចាប់ពីឆ្នាំ ២០០៤ មក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា ដោយត្រូវបានបែងចែកជា ៤ ដំណាក់កាល។ បច្ចុប្បន្ន កម្មវិធី PFM បានឈានមកដល់ដំណាក់កាលទី៤ គឺ “គណនេយ្យភាពសមិទ្ធកម្ម” ដែលបាននឹងកំពុងអនុវត្តពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ ជាដំណាក់កាលកែទម្រង់កម្រិតខ្ពស់បំផុត និងបោះជំហានទៅរក “ការប្រែក្លាយប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជាពីប្រព័ន្ធផ្តោតលើធាតុចូលនិងមានលក្ខណៈមជ្ឍការ ទៅជាប្រព័ន្ធផ្តោតលើលទ្ធផល ឬសមិទ្ធកម្ម និងមានលក្ខណៈវិមជ្ឍការ ស្របតាមស្តង់ដារ និងឧត្តមានុវត្តន៍អន្តរជាតិ”។ ស្របពេលជាមួយគ្នានេះ រាជរដ្ឋាភិបាល បានដាក់ចេញឱ្យអនុវត្តនូវយុទ្ធសាស្ត្រកៀរគរចំណូលចំនួន ២ ដំណាក់កាលរួចមកហើយគឺ យុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម ២០១៤-២០១៨ និង យុទ្ធសាស្ត្រកៀរគរចំណូល២០១៩-២០២៣ ក្រោមកម្មវិធី PFM។ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីធានាបាននូវកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា ដែលក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ក្នុងបរិការណ៍នេះ យុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ជាកិច្ចការងារបន្តក្នុងការកែទម្រង់ហិរញ្ញវត្ថុសាធារណៈមួយដំណាក់កាលទៀត ដើម្បីធានាឱ្យបាននូវកំណើនសេដ្ឋកិច្ច រក្សាបាននូវចលនការនៃការប្រមូលចំណូល ធានាឱ្យបាននូវយុត្តិធម៌និងសមធម៌ក្នុងការបង់ពន្ធ និងបន្តធានាប្រសិទ្ធភាពនៃការគ្រប់គ្រងការប្រមូលចំណូល សំដៅឆ្លើយតបទៅនឹងតម្រូវការចំណាយក្នុងការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ផែនការសកម្មភាពរបស់ អគរ ឆ្នាំ២០២៦ ក្រោមកម្មវិធី PFM ត្រូវបានរៀបចំឡើងដោយស្របតាមផែនការសកម្មភាពរួមដំណាក់កាលទី ៤ (CAP4) និងមានបញ្ចូលផែនការសកម្មភាពនៃយុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមសមត្ថកិច្ចរបស់ អគរ ទាំងអស់ ដើម្បីងាយស្រួលដល់ការរាយការណ៍វឌ្ឍនភាពឱ្យមានលក្ខណៈកាន់តែងាយស្រួលនិងប្រមូលផ្តុំ ដែលមានសូចនាករគន្លឹះចំនួន ៦ ព្រមទាំងមានសូចនាករសកម្មភាពសរុបចំនួន ៦៣ ហើយក្នុងនោះមាន ៥៧ សូចនាករសកម្មភាពជាសកម្មភាពស្ថិតក្រោមយុទ្ធសាស្ត្រកៀរគរចំណូល សម្រាប់អនុវត្តនិងតាមដាន។ ការអនុវត្តផែនការសកម្មភាព និងសូចនាករគន្លឹះនេះ ត្រូវបានគាំទ្រដោយគម្រោងថវិកាក្រោមកម្មវិធី PFM សម្រាប់ការរៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលានានា និងមានសម្ភារបច្ចេកវិទ្យាព័ត៌មានមួយចំនួន ព្រមទាំងឈានទៅចុះកិច្ចព្រមព្រៀងសមិទ្ធកម្ម រវាងអគ្គលេខា-ធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនិងគណនេយ្យភាពលើការអនុវត្តផែនការសកម្មភាពនេះ។សិក្ខាសាលានេះ បានប្រព្រឹត្តទៅដោយមានការធ្វើបទបង្ហាញ ពីស្ថានភាពទិសដៅនៃការកែទម្រង់រដ្ឋបាលគយក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមន្ត្រីជំនាញជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងបទបង្ហាញពីផែនការសកម្មភាព GDAP4 ឆ្នាំ២០២៦ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM) ដោយតំណាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ជាចុងក្រោយ លោកអគ្គនាយករងបានជំរុញឱ្យគ្រប់អង្គភាពពាក់ព័ន្ធដែលត្រូវអនុវត្តផែនការសកម្មភាព ឆ្នាំ២០២៦ GDAP4 ក្រោមកម្មវិធី PFM នេះ ត្រូវអនុវត្តប្រកបដោយសុច្ឆន្ទៈ បុរេសកម្ម អន្តរសកម្ម និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឈានទៅសម្រេចឱ្យបាននូវវិធានការ ក៏ដូចជាសកម្មភាពដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល។ អង្គសិក្ខាសាលាបានបិទបញ្ចប់ប្រកបដោយបរិយាកាសរីករាយ ស្និទ្ធស្នាល ព្រមទាំងទទួលបាននូវផ្លែផ្កាគួរឱ្យកត់សម្គាល់។










