ភ្នំពេញ ៖ នាព្រឹកថ្ងៃអាទិត្យ ១៥កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ នៅអង្គការផ្ទះបាយកុមារ ស្ថិតនៅផ្លូវលេខ ១៣៥ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ, លោកបណ្ឌិត សង់ ស៊ីណាវិទ្យ ប្រធាននាយកដ្ឋានសហប្រតិបត្តិការគយអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា រួមជាមួយក្រុមការងារ បានជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌របស់សមាគមសង្គហមិត្តមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ផ្ដល់ជូន អង្គការផ្ទះបាយកុមារ។
អំណោយសប្បុរសធម៌ដែលបានផ្តល់ជូន អង្គការផ្ទះបាយកុមារ រួមមាន៖ អង្ករចំនួន ៦០០ គីឡូក្រាម, ស្ករស ១០០ គីឡូក្រាម, មីជាតិចំនួន ៤៨ កេសតូច, ប្រេងឆា ៤ដបធំ, ត្រីខ ៥កេសធំ, ទឹកត្រី១២ យួរ, ទឹកស៊ីអ៊ីវ
ចំនួន ១២យួរ, ទឹកដោះគោខាប់ ២កេស, ឧបត្ថម្ភថវិកាជូនអង្គការមួយចំនួន ព្រមទាំងជូនថវិកាដល់បុគ្គលិកបម្រើការ និងរៀបចំអាហារសម្រន់ ចែកជូនដល់កុមារនិងអ្នកចូលរួមទាំងអស់គ្នា។
ក្នុងនាមក្រុមការងារសប្បុរសធម៌ លោកបណ្ឌិត សង់ ស៊ីណាវិទ្យ បានសម្តែងសេចក្តីសោមនស្សរីករាយ ព្រមទាំងបានពាំនាំនូវសេចក្ដីនឹករលឹក និងការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមបណ្ឌិត គុណ ញឹម និងលោកជំទាវ ជូនដល់ក្មួយៗកុមារទាំងអស់ដែលកំពុងស្នាក់នៅក្នុងអង្គការផ្ទះបាយកុមារ។ ក្នុងឱកាសនោះដែរ លោកបណ្ឌិតបានថ្លែងនូវអំណរគុណចំពោះអង្គការនេះដែលបានចូលរួមជួយគាំពារនិងលើកកម្ពស់សុខុមាលភាពដល់កុមារ ដែលស្ថិតក្នុងជីវភាពគ្រួសារខ្វះខាត និងងាយរងគ្រោះក្នុងសង្គម ព្រមទាំងបានការកោតសរសើរខ្ពស់ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់អង្គការ ដែលបានលះបង់កម្លាំងកាយចិត្ត ធនធាន និងពេលវេលាប្រកបដោយទឹកចិត្តសប្បុរស ក្នុងការជួយសង្គ្រោះដល់ក្មួយៗកុមារ ឱ្យមានសុខភាពល្អរឹងមាំ ដើម្បីរៀនសូត្របានពូកែ និងក្លាយជាធនធានមនុស្សប្រកបដោយគុណភាព សម្រាប់ការអភិវឌ្ឍន៍សង្គមជាតិក្នុងពេលអនាគត។
តំណាងអង្គការផ្ទះបាយកុមារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមការងារ ជាពិសេស ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងលោកជំទាវ ព្រមទាំងសហការីទាំងអស់ ដែលមានទឹកចិត្តសប្បុរសធម៌ ចំណាយធនធានថវិកានិងសម្ភារះ ជួយដល់ អង្គការនាពេលនេះដើម្បី ចូលរួមចំណែកជួយ ឧបត្ថម្ភសម្រាល ការខ្វះខាត និងតម្រូវការជាមូលដ្ឋានរបស់អង្គការ ផងដែរ ។



