អនុវត្តអត្រាពន្ធគយលើទំនិញនាំចូល ពីសហរដ្ឋអាម៉េរិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃ អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា

នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ ១៣៩ អនក្រ.បក ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ស្តីពីការដាក់ឱ្យអនុវត្តអត្រាពន្ធគយលើទំនិញនាំចូលពីសហរដ្ឋអាម៉េរិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយមានការចូលរួមពីតំណាងសភាពាណិជ្ជកម្មកម្ពុជា សមាគមធុរកិច្ច តំណាងក្រុមហ៊ុននាំចេញ-នាំចូល ជើងសាគយព្រមទាំងភាគីពាក់ព័ន្ធនានា សរុបប្រមាណ ២០០ រូប។

កិច្ចប្រជុំផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងពាក់ព័ន្ធនឹងការអនុវត្តអត្រាពន្ធគយ ០% ចំពោះមុខទំនិញដែលមានដើមកំណើតនៅសហរដ្ឋអាម៉េរិក និងនាំចូលមកព្រះរាជាណាចក្រកម្ពុជា ពីសហរដ្ឋអាម៉េរិក។

នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូ បានបញ្ជាក់ជូនអ្នកចូលរួមនូវខ្លឹមសារសំខាន់ៗ នៃអនុក្រឹត្យ និងប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការអនុវត្តអត្រាពន្ធគយលើទំនិញនាំចូលពីសហរដ្ឋអាម៉េរិក រួមមាន៖

• ទំនិញដែលអាចទទួលបានអត្រាពន្ធគយ ០% នេះ គឺជាទំនិញផលិតនៅសហរដ្ឋអាម៉េរិក ហើយត្រូវបាននាំចូលមកព្រះរាជាណាចក្រកម្ពុជា ពីសហរដ្ឋអាម៉េរិក។ ទោះជាយ៉ាងណាក៏ដោយ ទំនិញប្រើរួច ពុំស្ថិតក្នុងវិសាលភាពនៃការអនុវត្តអត្រាពន្ធគយ ០% នេះឡើយ ហើយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានឹងកំណត់និយមន័យសម្រាប់ទំនិញប្រើរួច

• យានយន្តផលិតនៅសហរដ្ឋអាម៉េរិកនិងនាំចូលពីសហរដ្ឋអាម៉េរិក ដែលអាចទទួលបាននូវអត្រាពន្ធគយ ០% គឺសំដៅលើយានយន្តដែលប្រើប្រាស់មិនលើសពី ៥ ០០០ គីឡូម៉ែត្រ និងមានឆ្នាំម៉ូដែលមិនលើសពី ១ឆ្នាំ មុនឆ្នាំចរន្ត

• ទំនិញដែលអាចទទួលបានអត្រាពន្ធគយ ០% នេះ ជាទំនិញនាំចូលមកព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ទុកចូលក្នុងមធ្យោបាយដឹកជញ្ជូននៅសហរដ្ឋអាម៉េរិក ចាប់ពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ តទៅ

• ការអនុវត្តអត្រាពន្ធគយ ០% នេះពុំតម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់ដើមកំណើតពីសហរដ្ឋអាម៉េរិកឡើយ ដោយគ្រាន់តែតម្រូវឱ្យអ្នកនាំចូលធ្វើការប្រកាសដើមកំណើតទំនិញតាមទម្រង់ និងនីតិវិធីដែលកំណត់ដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា

• ‌‌អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានឹងផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពីនីតិវិធីលម្អិតដើម្បីអនុវត្តតាមខ្លឹមសារអនុក្រឹត្យ និងប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដូចខាងលើ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ។

នារសៀល ថ្ងៃសុក្រ ១៤កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ ។

 កិច្ចប្រជុំផ្សព្វផ្សាយនេះ បានបញ្ចប់នៅវេលាម៉ោង ៥:០០ នាទី រសៀល ថ្ងៃដដែល។