ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ដឹកនាំក្រុមការងារ បើកការដ្ឋានសាងសង់ផ្លូវ ក្រាលគ្រួសក្រហម ៣,០០០ម៉ែត្រ នៅស្រុកអង្គរជ័យ

ខេត្តកំពត៖ ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាសមាជិកក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី~ខេត្ត និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ និងមានការចូលរួមពីសំណាក់អាជ្ញាធរស្រុកអង្គរជ័យ បើកការដ្ឋានសាងសង់ផ្លូវលំក្រាលគ្រួសក្រហមប្រវែង ៣,០០០ម៉ែត្រ ឆ្លងកាត់ឃុំម្រោម និងឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។គម្រោងសាងសង់ផ្លូវនេះ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីឆ្លើយតបទៅនឹងសំណូមពរ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ និងសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សទៅសាលារៀន។ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ុន សុខា បានបញ្ជាក់ថា ការយកចិត្តទុកដាក់លើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពប្រជាពលរដ្ឋ គឺជាផ្នែកមួយនៃការអនុវត្តគោលនយោបាយរបស់ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងរាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ឯកឧត្តមបណ្ឌិត បានលើកឡើងថា ផ្លូវថ្នល់គឺជាសរសៃឈាមនៃសេដ្ឋកិច្ច និងជួយពង្រឹងការតភ្ជាប់រវាងសហគមន៍ ជាពិសេសនៅតំបន់ជនបទ។ ការសាងសង់ផ្លូវថ្មីនេះ នឹងរួមចំណែកលើកកម្ពស់ការរស់នៅ និងសកម្មភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។សកម្មភាពនេះក៏ត្រូវបានចាត់ទុកថា ជាការបង្ហាញពីការចុះមូលដ្ឋាន និងការឆ្លើយតបផ្ទាល់ចំពោះសំណូមពររបស់ប្រជាពលរដ្ឋ ដែលជាផ្នែកមួយនៃការងាររបស់គណបក្សប្រជាជនកម្ពុជាក្នុងការរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍនៅមូលដ្ឋាន។