ភ្នំពេញ ៖ នៅ ថ្ងៃអង្គារទី២២ ខែមេសា ឆ្នាំ២០ ២៥, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ជាប្រធាន អ.ដ.ក. បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបច្ចេកទេស នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ដើម្បីពិនិត្យ និងពិភាក្សាលេីវិធីសាស្រ្ត ឬបច្ចេកទេសនៃការដោះស្រាយវិវាទ សំដៅជំរុញបន្ថែមទៀតនូវសន្ទុះនៃការដោះស្រាយវិវាទក្នុងក្របខ័ណ្ឌនៃ អ.ដ.ក.។
នៅក្នុងកិច្ចប្រជុំនេះ តំណាងមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក.បានធ្វើបទបង្ហាញដើម្បីចែករំលែកអំពីបទពិសោធន៍ បញ្ហាប្រឈម និងសំណូមពរពាក់ព័ន្ធនឹងកិច្ចដំណើរការនៃការដោះស្រាយវិវាទក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. ក្នុងរយៈពេលកន្លងមក។
ទន្ទឹមគ្នានេះ កិច្ចប្រជុំក៏បានធ្វើការពិភាក្សា ចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ ព្រមទាំងដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងការដោះស្រាយវិវាទផងដែរ។
ក្នុងឱកាសនេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ណែនាំដល់ អគ្គលេខាធិការដ្ឋាន និង មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ឱ្យយកចិត្តទុកដាក់ក្នុងការរក្សា និងពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើ យន្តការនៃ អ.ដ.ក. ដោយត្រូវផ្តោតសំខាន់លេីកិច្ចការចំនួន ៣ គឺ :ទី១៖ បន្តយកចិត្តទុកដាក់ក្នុងការរៀបចំ កំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទឱ្យបានត្រឹមត្រូវតាមច្បាប់ ធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្ត។
ទី២៖ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទត្រូវបន្តប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងអនុវត្តការងារប្រកបដោយវិជ្ជាជីវៈខ្ពស់។
ទី៣៖ ត្រូវពង្រឹង និងពង្រីកការផ្តល់សេវាដោះស្រាយវិវាទឱ្យបានកាន់តែទូលំទូលាយ ដោយឆ្ពោះទៅការចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋ នៅមូលដ្ឋាន ពិសេសតំបន់ដែលមានជនជាតិដេីម ភាគតិច និង តំបន់ដាច់ស្រយាល។

