ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អមដោយថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចុះពិនិត្យការងារគយនិងរដ្ឋាករក្នុងភូមិសាស្រ្តខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ រួមមាន សាខាគយនិងរដ្ឋាករខេត្តព្រៃវែង ការិយាល័យគយនិងរដ្ឋាករម៉ឺនជ័យ ផែស្ងួតក្រុមហ៊ុន សុខា ស៊ីណា រដ្ឋា (អេស.អេស.អ) ឯ.ក ការិយាល័យគយនិងរដ្ឋាករត្រពាំងផ្លុង ស្ថានីយស្គែនខេត្តត្បូងឃ្មុំ និងទីលានផែស្ងួតក្រុមហ៊ុន ហុងឡេងហួរ ដើម្បីពិនិត្យស្ថានភាពបំពេញការងាររបស់មន្រ្តីគយនិងរដ្ឋាករ និងការកសាងហេដ្ឋារចនាសម្ព័ន្ធបំពេញការងារនានារបស់អង្គភាពទាំងនេះ។ ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានណែនាំមន្ត្រីគយនិងរដ្ឋាករគ្រប់រូប ត្រូវពង្រឹងបន្ថែមទៀតនូវប្រសិទ្ធភាពនៃការបំពេញការងារដោយអនុលោមតាមគោលការណ៍ច្បាប់ និងបទប្បញ្ញត្តិជាធរមាន ចៀសវាងការប្រើប្រាស់សិទ្ធិអំណាចដើម្បីផលប្រយោជន៍បុគ្គល និងត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈមន្ត្រីរាជការគយនិងរដ្ឋាករកម្ពុជា។បន្ទាប់ពីបានចុះត្រួតពិនិត្យការងារខាងលើ នាព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធនានារបស់ការិយាល័យគយនិងរដ្ឋាករកោះរកា នៃសាខាគយនិងរដ្ឋាករខេត្តព្រៃវែង។អគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធនានារបស់ការិយាល័យគយនិងរដ្ឋាករកោះរកា ត្រូវបានចាប់ផ្ដើមសាងសង់នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ក្នុងនោះមានអគាររដ្ឋបាល ទំហំ ២០ម៉ែត្រ x ២៣ម៉ែត្រ កម្ពស់ ២ជាន់ និងហេដ្ឋារចនាសម្ព័ន្ធនានា មានជាអាទិ៍ អគាររួមដែលមានអាហារដ្ឋាននិងបន្ទប់ស្នាក់នៅ, ប៉ុស្ដិ៍សន្ដិសុខ, ចំណតរថយន្ត, ទីសក្ការៈ, បណ្ដាញទឹកស្អាត, បណ្ដាញអគ្គិសនី, ប្រព័ន្ធលូ, ដងទង់ជាតិ, បង្គោលភ្លើង និងអំពូលសឡា, សួនច្បារ និងរបងព័ទ្ធជុំវិញ ព្រមទាំងបានបំពាក់សម្ភារៈការិយាល័យ និងគ្រឿងសង្ហារិមផងដែរ។ សមិទ្ធផលនេះ បង្ហាញឱ្យឃើញពីការគិតគូរខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការបន្ដអភិវឌ្ឍសមត្ថភាពស្ថាប័នតាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ និងបំពាក់មធ្យោបាយបំពេញការងារឱ្យបានសមស្រប ដើម្បីពង្រឹងសមត្ថភាពស្ថាប័នក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តការងារ និងការផ្ដល់សេវាសាធារណៈឱ្យបានកាន់តែល្អប្រសើរ និងស្របតាមការអនុវត្តគោលដៅយុទ្ធសាស្ដ្រទី៦ “សមត្ថភាពស្ថាប័ន” នៃយុទ្ធសាស្ដ្រកែទម្រង់និងទំនើបកម្មគយ ឆ្នាំ២០២៤-២០២៨។




ឯកឧត្តមបណ្ឌិត គុណ ញឹម បានណែនាំដល់ថ្នាក់ដឹកនាំនិងមន្ដ្រីគយនិងរដ្ឋាករដែលបំពេញការងារនៅការិយាល័យគយនិងរដ្ឋាករកោះរកាទាំងអស់ ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈមន្ត្រីរាជការគយនិងរដ្ឋាករកម្ពុជា និងខិតខំអនុវត្តតួនាទីនិងភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេស ការងារគ្រប់គ្រង ត្រួតពិនិត្យ និងប្រមូលពន្ធ អាករ និងកម្រៃផ្សេងៗ លើទំនិញនាំចេញ នាំចូល ឬឆ្លងកាត់ ស្របតាមបទប្បញ្ញត្តិច្បាប់ស្ដីពីគយ ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀត ព្រមទាំងត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសោភ័ណភាពអគារនិងហេដ្ឋារចនាសម្ព័ន្ធនានាឱ្យបានល្អ ដោយប្រើប្រាស់ធនធានទឹក-អគ្គិសនីប្រកបដោយភាពសន្សំសំចៃ។នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦.។














