សម្តេចតេជោ ហ៊ុន សែន  អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ ប្រធានាធិបតី ហ្វីលីពីន

នៅវិមានសន្តិភាព រាជធានីភ្នំពេញ ៖  នាព្រឹកថ្ងៃចន្ទ ១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២៥ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ នូវដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវ Louise Araneta-Marcos ក្នុងឱកាសដែល ឯកឧត្តម និងលោកជំទាវ អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ដល់ទី ៩ ខែកញ្ញា ២០២៥ នៅព្រះរាជាណាចក្រកម្ពុជា។

ពិធីទទួលបដិសណ្ឋារកិច្ចស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីននាពេលនេះ ត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុតពីប្រមុខរដ្ឋស្តីទីនៃកម្ពុជា ជាមួយកងកិត្តិយសត្រែទ័ពនិងមានការអញ្ជើញចូលរួមពីតំណាងអង្គទូតនានា នៅព្រះរាជាណាចក្រកម្ពុជា មន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីប្រតិភូសំខាន់ៗនៃប្រទេសហ្វីលីពីនផងដែរ ។

បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចស្វាគមន៍ផ្លូវរដ្ឋ ឯកឧត្តម ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន នឹងជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បន្ទាប់មកនឹងជួបពិភាក្សាការងារបន្តជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងនោះក៏មានពិធីចុះហត្ថលេខា រួមជាមួយនឹងការធ្វើសន្និសីទកាសែតរួមគ្នា រវាង ឯកឧត្តមប្រធានាធិបតី និង សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ផងដែរ។

តាមរយៈដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ ឯកឧត្តម ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន នាពេលនេះ នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងសាមគ្គីភាពព្រមទាំងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ទាំងប្រទេសនិងប្រជាជន កម្ពុជា-ហ្វីលីពីន៕