បន្ទាយមានជ័យ៖ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នេះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានប្រារព្ធពិធីបើកការដ្ឋានសាងសង់អាគារមន្ទីរពេទ្យមិត្តនគរបាល (POLICE FRIENDSHIP HOSPITAL)ដ៏ទំនើបមួយខ្នង ជាប្រវត្តិសាស្ត្រ ដែលជានិមិត្តរូបនៃកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សុខុមាលភាពកងកម្លាំងនគរបាល និងប្រជាពលរដ្ឋ។ សមិទ្ធផលដំបូងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៅស្នងការដ្ឋាននេះ ត្រូវបានផ្តួចផ្តើមឡើងដោយ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីឆ្លើយតបចំពោះតម្រូវការជាក់ស្តែងផ្នែកសុខាភិបាល។
ប្លង់និងរចនាសម្ព័ន្ធអគារ៖
• ទំហំអគារ៖ ទទឹង ១៣,៥០ ម៉ែត្រ x ប្រវែង ២៣ ម៉ែត្រ
• កម្ពស់៖ ៣ ជាន់ មានចំនួន ៣០ បន្ទប់ រៀបចំឡើងតាមស្តង់ដារបច្ចេកទេស សម្រាប់បម្រើសេវាព្យាបាល និងថែទាំសុខភាព។
ការកសាងអាគារមន្ទីរពេទ្យថ្មីនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការជួយសម្រួលដល់ការសង្គ្រោះ និងព្យាបាលជំងឺជូនដល់មន្ត្រីនគរបាលជាតិ គ្រួសារកងកម្លាំង ព្រមទាំងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឲ្យទទួលបានសេវាថែទាំសុខភាពកាន់តែជិត ឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់។
ពិធីនេះមានការអញ្ជើញចូលរួមពី លោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យជំនាញ លោកអធិការបណ្តាក្រុងស្រុក និង មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក និងលោក លោកស្រី មន្ត្រីរាជការ អាជីវករ ពាណិជ្ជករ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ ៕
(ដោយ . សហការី )។














